ប្រភពស្និទ្ធនឹងលោក ភួង ណារិន្ទ បានឲ្យដឹងថា លោក ភួង ណារិន្ទ មិនញញើតក្នុងការប្រើតួនាទី និងអំណាចរបស់ខ្លួនដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកព្រោះអាងមានខ្នងបង្អែករឹងមាំ នៅក្នុងស្នងការនគរបាលខេត្តស្វាយរៀង ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ភួង ណារិន្ទ អាចប្រព្រឹត្តទៅដោយរលូនរយៈពេលច្រើនឆ្នាំកន្លង ទៅនេះគឺមានកិច្ចសហការស៊ីសង្វាក់គ្នា ពីសំណាក់ លោក ឆេង សាវិន ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់បុសមន ផងដែរ។
ហេតុនេះហើយទើបបច្ចុប្បន្នឈ្មួញទាំងតូចទាំងធំ និងក្រុមអាជីវករសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឈ្មួញប្រើប្រាស់រថយន្តធុនយក្សធ្វើអោយផ្លូវបាក់ស្រុតយ៉ាងគំហុក តាមច្រកបុសមន ហើយលោក ភួង ណារិន្ទ និងលោក ឆេង សាវិន ប្រធានការិយាល័យគយរួមដៃគ្នាប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តកាន់ខ្លាំងខ្លាជាងមុន។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនតំបន់បុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចនៅច្រកបុសមន បើកដៃឲ្យក្រុមឈ្មួញប្រើប្រាស់រថយន្តធុនយក្សដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗធ្វើអោយផ្លូវបាក់ផុងអន្លើៗហើយតាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហុកដោយ មានការបើកភ្លើងខៀវពីលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់បុសមន ដែលកំពុងសប្បាយប្រមូលប្រយោជន៍បានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ចំណែកលោក ពេជ្រ វិរះ ស្នងការនគរបាលខេត្តស្វាយរៀងនិង លោក ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹង បើទោះបីទង្វើមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ភួង ណារិន្ទ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។
ក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចូលទំនិញពីប្រទេសវៀតណាមតាមច្រកបុសមន បានឲ្យដឹងថា អាជីវកម្មរបស់ពួកគាត់នៅ សល់កម្រៃតិចតួចណាស់ព្រោះសមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវគាបយកលុយច្រើនៗតាមការកំណត់មិនអាចរំលងបាន។
ក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងទៀតថា រាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក្កយប័ត្រពន្ធរដ្ខអោយបានត្រឹមត្រូវនោះឡើយ ហើយគ្មាននរណាអាចរំលងលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់បុសមន បានឡើយ។ ជាពិសេសឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពីប្រទេស វៀតណាមតាមច្រកបុសមន ស្រុករំដួល ខេត្តស្វាយរៀង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ភួង ណារិន្ទ ដែលកំពុងល្បីល្បាញខ្លាំងខាងប្រព្រឹត្តរបៀបអំពើពុករលួយ។
ហេតុនេះហើយសូមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ មេត្តាពិនិត្យសិក្សាស្រាវជ្រាវ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីបុសមនផងទាន។ជាពិសេសលោក ឱម យុិនទៀង ប្រធានអង្កភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវនោះគួរដាក់មន្រ្ដីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួរបស់លោក ភួង ណារិន្ទ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារទ្វេភាគីបុសមននិងបក្សពួកផងទាន។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីបុសមន និងបក្សពួក រាល់ម៉ោងធ្វើរការ៕មានត





