ខេត្តតាកែវ ៖ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ស្រុកបាទី ខេត្តតាកែវ ប្រែក្លាយជាប្រធានបទមួយសំរាប់ក្រុមអាជីវករនិងឈ្មួញប្រកបរបររកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្រុកបាទី ខេត្តតាកែវ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជាផលកសិកម្មឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ២ ស្រុកបាទី បានឲ្យដឹងថា ករណីក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅប្រចាំការនៅចំណុចនោះតម្រូវអោយបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមិនអាចរំលងបាន។ទោះបីរថយន្តពួកគេផ្ទុកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់ក៏ត្រូវបង់លុយអោយក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមិនអាចតវ៉ាបានឡើយ។
ក្រុមឈ្មួញនិងអាជីវករមួយ ចំនួនបានអះ អាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅ តែចៀសមិនផុតពីការបង់លុយក្រោមតុ លើតុ ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ២ ស្រុកបាទី ខេត្តតាកែវ នោះដែរ។
ហេតុនេះហើយទើបក្រុមឈ្មួញនិងអាជីវករស្នើសុំដល់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន.លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈ កម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស រួមនិងលោក វុី សំ ណាង អភិបាលខេត្តតាកែវ គួរចាត់វិធានការទប់ស្កាត់ភាពមិនប្រក្រតីរបៀបពុករលួយរបស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ស្រុកបាទី ខេត្តតាកែវ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំង យប់ថ្ងៃប្រឆាំងច្បាប់ពុករលួយបន្ទាន់ផងទាន។
ប្រភពពីមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ២ ស្រុកបាទី គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្តដោយមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីមន្ទីរមេធំៗនៅខាងលើផងដែរទើបប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តនៅចំណុចនោះមិនញញើតអ្វីទាំងអស់។
ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ២ ដោយគ្មានការព្រួយបារម្ភនោះទេ ផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់ តែតម្រូវឲ្យម្ចាស់រថយន្តដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិ លេខ ២គឺជាការស្រេចដោយមមិនខ្វល់ពីរឿងរថយន្តទាំងនោះធ្វើឲ្យខូចផ្លូវ ខូចស្ពានឡើយ។
ប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា ពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លង កាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត គេតែងសង្កេតឃើញព្រូឡានឬតៃកុងឡានរត់ឆ្លងថ្នល់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យប្រធានក្រុមជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមការកំណត់មិនអាចតវ៉ាបាន។
ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ា ប្រាកដជាត្រូវក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ២ ស្រុកបាទី ខេត្តតាកែវ រករឿងឲ្យរើទំនិញចុះឡើងតាមទំនេីងចិត្ត របស់ពួកគេជាមិនខាន់ឡេីយ។ទោះបីរថយន្តដឹកទំនិញលើសទម្ងន់ឬមិនលើស ទម្ងន់ត្រូវតែបង់លុយមិនអាចរំលងបាន។
ហេតុនេះហើយទើបរថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លូវជាតិឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ ២ ស្រុកបាទី យ៉ាងគគ្រឹកគគ្រេង បណ្ដាលឲ្យខូចផ្លូវ ខូចស្ពានជាបន្តបន្ទាប់។
ដែលបញ្ហាននេះលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន. លោក សេង ឈួន រដ្ឋលេខាធិ ការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មការជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស មិនគួរមើលរំលងប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ២ ស្រុកបាទី ខេត្តតាកែវ ដែលប្រែក្លាយទៅជាស្ថានីយ៍ ជញ្ជីងថ្លឹងលុយទាំងយប់ថ្ងៃតទៅទៀតនោះឡើយ។ដែលបញ្ហានេះសូមលោក ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ គួរចាត់មន្រ្តីជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាបអំពើពុករលួយរបស់ប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ស្រុកបាទី ខេត្តតាកែវ ប្រែក្លាយទៅជាស្ថានីជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់ពុករលួយ៕មានត



